2 Peter 2

1ដូចដែល​ធ្លាប់​មានអ្នកនាំព្រះបន្ទូលក្លែងក្លាយនៅក្នុងចំណោមប្រជាជន​ជា​យ៉ាងណា​នោះ​ក៏​នឹង​មានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាជាយ៉ាងនោះដែរ​ពួកគេ​នឹង​នាំសេចក្ដីបង្រៀន​ដែល​នាំ​ឲ្យ​ហិនវិនាស​ចូល​មក​ដោយ​សំងាត់​ពួកគេ​បដិសេធសូម្បីតែព្រះអម្ចាស់​ដែល​បាន​លោះពួកគេ​ហើយ​ក៏​នាំសេចក្ដីវិនាសទាន់ហន់​មក​លើខ្លួនឯង​ទៀត​ផង។ 2មនុស្សជាច្រើន​នឹង​ដើរតាមអំពើល្មោភកាមរបស់ពួកគេ​ហើយ​ផ្លូវនៃសេចក្ដីពិត​នឹង​ត្រូវ​ប្រមាថដោយព្រោះតែពួកគេ 3ដោយសារសេចក្ដីលោភលន់​របស់​ពួកគេ​នោះ​ពួកគេ​នឹង​កេងចំណេញ​ពី​អ្នករាល់គ្នា​ដោយ​ប្រើ​ពាក្យបោកបញ្ឆោត​រីឯ​សេចក្ដីជំនុំជម្រះ​សម្រាប់​ពួកគេដែល​មាន​យូរ​មក​ហើយ​នោះ​មិននៅស្ងៀមឡើយហើយសេចក្ដីវិនាស​សម្រាប់​ពួកគេ​ក៏​មិន​ដេក​លក់ដែរ 4ដ្បិតបើព្រះជាម្ចាស់មិន​បាន​អត់ឱន​ឲ្យ​ពួកទេវតា​ដែល​បាន​ធ្វើបាប​ទេ​ប៉ុន្ដែ​បាន​ទម្លាក់​ពួកគេ​ទៅក្នុង​ស្ថាន​នរក​ហើយ​បាន​ប្រគល់​ឲ្យ​ឃុំទុក​នៅក្នុង​សេចក្ដីងងឹតដើម្បីជំនុំជម្រះ 5ហើយបើ​ព្រះអង្គ​មិន​បាន​អត់ឱន​ឲ្យ​ពិភពលោកជំនាន់មុន​នៅពេល​ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​មានទឹកជំនន់​លិច​ពិភពលោក​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់ប៉ុន្ដែ​ព្រះអង្គ​សង្គ្រោះ​លោក​ណូអេ​ដែល​ជា​អ្នកប្រកាស​សេចក្ដី​សុចរិត​និង​មនុស្ស​ប្រាំពីរ​នាក់​ទៀត 6បើព្រះអង្គ​បាន​កាត់ទោស​ក្រុង​សូដុមនិង​ក្រុង​កូម៉ូរ៉ា​ឲ្យ​វិនាសអន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅជា​ផេះ​ដើម្បី​ទុកជាគំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់ 7ហើយបើ​ព្រះអង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ដែល​ព្រួយចិត្តដោយព្រោះអំពើល្មោភកាម​របស់​មនុស្សថោកទាប 8(ព្រោះ​មនុស្ស​សុចរិត​នោះ​បាន​រស់នៅក្នុងចំណោមពួកគេ​ក៏​ធ្វើ​ឲ្យ​ព្រលឹង​ដ៏​សុច្ចរិត​របស់​គាត់​ឈឺចាប់ជា​រៀងរាល់​ថ្ងៃ​ដោយព្រោះ​បាន​និង​បាន​ឃើញអំពើអាក្រក់​របស់​ពួកគេ​) 9ដូច្នេះព្រះអម្ចាស់​ក៏​ដឹង​អំពី​របៀប​រំដោះ​មនុស្ស​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ឲ្យ​រួច​ពីសេចក្ដីល្បួងហើយឃុំ​មនុស្ស​ទុច្ចរិត​ដើម្បី​ដាក់ទោស​នៅ​ថ្ងៃជំនុំជម្រះ​ដែរ 10ជាពិសេសពួក​អ្នក​ដែល​ដេញតាមសេចក្ដីប៉ងប្រាថ្នា​ដ៏​ស្មោកគ្រោក​ខាង​សាច់ឈាមហើយមើលងាយអំណាចគ្រប់គ្រង។ ​ពួកគេ​ព្រហើន​ហើយ​ធ្វើ​តាម​ទំនើងចិត្ដមិនញញើត​នឹង​ប្រមាថ​ពួក​អ្នក​ដែល​ប្រកប​ដោយ​សិរីរុងរឿង​ឡើយ 11ទោះបីពួក​ទេវតា​ដែល​មាន​កម្លាំងនិងអំណាច​ធំ​ជាង​ពួកគេ​ក៏ដោយ​ក៏​មិន​ហ៊ាន​ចោទប្រកាន់ប្រមាថពួក​អ្នក​ទាំងនោះនៅ​ចំពោះ​ព្រះភក្ដ្រព្រះអម្ចាស់​ដែរ។ 12ប៉ុន្ដែមនុស្ស​ទាំងនេះដូចជាសត្វតិរច្ឆានគ្មាន​វិចារណ​ញ្ញាណ​ទេ​កើត​មក​សម្រាប់​ឲ្យ​គេ​ចាប់និងសម្លាប់​តែ​ប៉ុណ្ណោះ​គេ​ប្រមាថអ្វីៗ​ដែល​គេ​មិនស្គាល់។ ​សត្វ​តិរច្ឆាន​វិនាស​ជា​យ៉ាងណា​ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាងនោះ​ដែរ 13ហើយទទួល​បាន​ផល​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន។ ​ពួកគេ​ចាត់ទុកសេចក្ដី​ស្រើប​ស្រាល​ទាំង​ថ្ងៃ​ជា​ការសប្បាយ។ ​ពួកគេ​ជា​ស្នាមប្រឡាក់​ជា​សេចក្ដីស្មោកគ្រោក​ហើយ​ពេល​ពួកគេ​ស៊ីលៀងជាមួយអ្នករាល់គ្នា​ពួកគេ​សប្បាយ​នៅក្នុង​ការ​បោកបញ្ឆោត​របស់​ខ្លួន 14ពួកគេមានភ្នែកពេញ​ដោយ​អំពើផិតក្បត់​ហើយ​មិនឈប់​ប្រព្រឹត្ដ​បាប​ឡើយ​ក៏​អូសទាញមនុស្ស​ដែល​មិនខ្ជាប់ខ្ជួន​ផង​ពួកគេ​មាន​ចិត្ដ​ដែល​ត្រូវ​បាន​បង្វឹក​ឲ្យ​មាន​សេចក្ដីលោភ​ជា​កូន​ត្រូវ​បណ្ដាសារ 15ពួកគេបាន​បោះបង់ផ្លូវត្រង់​ហើយ​វង្វេងទៅតាមផ្លូវ​របស់​បាឡាម​ជា​កូន​របស់​បេអ៊រ​ដែល​ស្រលាញ់កម្រៃ​ដែល​បាន​មកពី​អំពើ​ទុច្ចរិត 16ដូច្នេះគាត់​បាន​ទទួលការស្ដីបន្ទោស​ចំពោះ​ការបំពានរបស់ខ្លួន​គឺ​សត្វលាដែល​មិន​ចេះ​និយាយ​បាន​និយាយភាសាមនុស្សរារាំងភាពចម្កួតរបស់អ្នកនាំព្រះបន្ទូល​នោះ។ 17មនុស្សទាំងនេះជាប្រភពទឹករីងស្ងួត​ជា​ពពក​ដែល​ព្យុះ​បាន​បក់ផាត់​ហើយ​សេចក្ដីងងឹតសូន្យសុង​ត្រូវ​បាន​បម្រុងទុក​សម្រាប់​ពួកគេ​ហើយ។ 18ដ្បិតពួកគេ​និយាយពាក្យអួតអាងឥតប្រយោជន៍​ហើយ​ទាក់ទាញអស់អ្នក​ដែល​ទើបតែរួច​ចេញ​ពី​ពួក​អ្នករស់នៅក្នុងសេចក្ដីវង្វេងដោយ​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​និង​ការល្មោភកាម 19ទាំងសន្យា​ឲ្យ​អ្នកទាំងនោះ​មាន​សេរីភាព​ប៉ុន្ដែ​ខ្លួន​ពួកគេផ្ទាល់​ជា​ទាសករ​នៃ​សេចក្ដីពុករលួយដ្បិតអ្នកណាដែល​ត្រូវ​គេ​បង្ក្រាបបាន​អ្នកនោះ​នឹង​ត្រលប់ជា​ទាសករ​របស់​អ្នក​ដែល​បង្ក្រាប​ខ្លួន​នោះ​ហើយ 20ដ្បិតបើ​ពួកគេ​បាន​រួច​ពី​សេចក្ដីស្មោកគ្រោករបស់លោកិយដោយការស្គាល់​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើងប៉ុន្ដែ​បែរ​ជា​ទៅ​ជាប់ជំពាក់​នឹង​សេចក្ដី​ទាំងនោះម្ដងទៀត​ហើយ​ឲ្យ​សេចក្ដី​ទាំងនោះ​បង្ក្រាបពួកគេ​បាន​នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​នឹង​ត្រលប់ជាអាក្រក់​ជាង​មុន​ទៅ​ទៀត 21ដ្បិតសម្រាប់​ពួកគេ​បើ​មិន​បាន​ស្គាល់ផ្លូវ​នៃ​សេចក្ដីសុចរិត​នោះ​ប្រសើរជាងស្គាល់​ហើយ​បែរ​ចេញ​ពីបញ្ញត្ដិបរិសុទ្ធ​ដែល​បាន​ប្រគល់ឲ្យពួកគេ 22ការដែល​កើតឡើង​ចំពោះ​ពួកគេ​គឺ​ដូច​សុភាសិតពិតមួយ​ពោល​ថា​ឆ្កែ​បាន​ត្រលប់ទៅរកកម្អួតរបស់វាមេជ្រូក​ដែល​លាង​ស្អាត​ហើយ​បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ។
Copyright information for KhmKCB